ប៊ិះបង្ករឿងធំ! របាយការណ៍ថ្មីបញ្ជាក់ថា «គ្រាប់មីស៊ីលកូរ៉េខាងជើង បាញ់សាកល្បងខុសទិសដៅ ដោយងាករេទៅរកទឹកដីរុស្ស៊ី ទើបមន្ត្រីយោធាចុចបំផ្ទុះចោលតែម្តង!»

ជីវិត & សង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2017 ម៉ោង 8:01 នាទី ល្ងាច

(សេអ៊ូល)៖ នាពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបំផ្ទុះគ្រាប់មីស៊ីលផ្លោង​របស់ខ្លួនដោយចេតនា នៅក្នុងអំឡុងការធ្វើតេស្តបរាជ័យកាលពី​ចុងសប្តាហ៍មុននេះ ដោយសារតែមីស៊ីលផ្លោង​នោះបានរត់ខុសគោលដៅ ​ឆ្ពោះទៅកាន់ប្រទេស​រុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន​ចក្រភពអង់គ្លេស Daily Mail (Mail Online) នៅរសៀលថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០១៧។

កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍​សប្តាហ៍​មុននេះ របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាងបានបាញ់​សាកល្បងមីស៊ីល​ផ្លោង​ចំនួន​មួយគ្រាប់​សាជាថ្មីម្តងទៀត ដោយមិនខ្វល់​ចំពោះការ​ព្រមានធ្ងន់ៗ​ពីសហរដ្ឋអាមេរិក​នោះឡើយ។ ក៏ប៉ុន្តែភ្លាមៗ​នោះដែរ​​គ្រាប់មីស៊ីល​នោះ ក៏បានផ្ទុះធ្លាក់​ចុះមក​នៅក្នុងទឹកដី​កូរ៉េខាងជើងវិញ បន្ទាប់ពីធ្វើ​ដំណើរបានត្រឹមតែ​ជិត ៥០គីឡូម៉ែត្រ​ប៉ុណ្ណោះ។

ជុំវិញការធ្វើតេស្តនេះ​មានការ​អះអាងថា ក្រុមមន្រ្តីពោរពេញដោយ​ភាពផិតភ័យ របស់ប្រមុខដឹកនាំ​កំពូល​លោក គីម ជុនអ៊ុន បានបំផ្ទុះ​មីស៊ីលផ្លោង​ ដែលត្រូវគេជឿជាក់ថា​ ជាប្រភេទ KN-17 ដោយចេតនា​តែម្តងនា​ប៉ុន្មាននា​ទី​ក្រោយ​​ពី​បាន​ហោះ​ចេញ ដោយខ្លាចថា​ វាត្រូវបានបាញ់​សំដៅទៅកាន់ដែនដី​រុស្ស៊ីដោយ​ចៃដន្យ។​ យោងតាម​សារព័ត៌មាន SE Daily របស់​​កូរ៉េខាងត្បូង មីស៊ីលផ្លោង​មួយគ្រាប់នោះ នឹងអាចវាយប្រហារ​ទៅចំលើកំពង់ផែ ឬមួយក៏ដែនដីរបស់រុស្ស៊ី​ជាក់ជាមិន​ខាន​ឡើយ បើសិនជាវា​មិនត្រូវគេបំផ្ទុះចោលមុនទេនោះ។

ប្រភពមួយ​មិនបញ្ចេញ​អត្តសញ្ញាណត្រូវបាន​គេដកស្រង់សម្តី​ដូចច្នេះថា គោលដៅ​នៃការធ្វើតេស្តនេះ មានភាព​ខុស​គ្នា​​ផ្សេង​​ពី​​ទិស​​ដៅ​ពី​លើកមុនៗ ដោយកាលពី​ពេលកន្លងមក យើងបាញ់​សាកល្បងក្នុង​មុំចន្លោះពី ៨៩ទៅ៩០ដឺក្រ ទៅភាគ​ខាងកើត ហើយគ្រាប់មីស៊ីលតែងតែ​ធ្លាក់ទៅក្នុង​សមុទ្រខាងកើត (សមុទ្រជប៉ុន) ក៏ប៉ុន្តែ​រង្វាស់​មុំនៃការធ្វើតេស្ត​លើកនេះ​គឺស្ថិតនៅ ៤៩​ដឺក្រេទៅវិញ។

គួរបញ្ជាក់ថា បន្ទាប់ពីមាន​សេចក្តីរាយការណ៍​ អំពីការធ្វើតេស្តមីស៊ីលផ្លោងរបស់កូរ៉េខាងជើងភ្លាមៗ មន្រ្តីការពារជាតិ​ និងសន្តិសុខរុស្ស៊ី​ក៏បានអះអាងថា ប្រព័ន្ធការពារដែនអាកាស​នៅតំបន់ភាគ​ខាងកើតប្រទេស ត្រូវបានដាក់ឲ្យ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់ទៀតផង៕

ប្រភព​ freshnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


loading...

អត្ថបទថ្មីៗ

អត្ថបទពេញនិយម

No result found!

ពាណិជ្ជកម្ម

loading...