ប្រទេសចិន «បង្អួតយន្តហោះខ្នាតមធ្យម C919 ផលិតក្នុងស្រុក» ដែលនឹងដាក់សម្ពោធនៅសប្តាហ៍នេះ ក្នុងន័យប្រកួតប្រជែង Boeing និង Airbus!

ជីវិត & សង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2017 ម៉ោង 8:40 នាទី ល្ងាច

(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរធុនមធ្យម C919 របស់ក្រុមហ៊ុន COMAC ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការលើកដំបូង នៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ​ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តហោះហើរគ្រប់ទម្រង់ ព្រមទាំងត្រូវបានទទួលស្គាល់ដោយស្ថាប័ន​សុវត្ថិភាពផ្លូវអាកាសអន្តរជាតិនោះ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

សម្រាប់យន្តហោះ C919 នេះត្រូវបានពន្យាពេលនៃការដាក់សម្ពោធពីរលើករួចមកហើយ ចាប់តាំងពី​ឆ្នាំ២០១៤ ហើយបន្ទាប់មកទើបចិនសម្រេចដាក់តាំងបង្ហាញវាជាផ្លូវការលើកដំបុង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីក្រុងសេដ្ឋកិច្ចដ៏ទំនើប សៀងហៃ តែម្តង។ C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួត​ប្រជែងជាមួយ​យន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែ​ពេញនិយមបំផុតលើលោក នា​ពេលបច្ចុប្បន្ន។

លោក Li Qiang អ្នកជំនាញ​ផ្នែកផលិតយន្តហោះ​មួយរូបរបស់ក្រុមហ៊ុន COMAC បានថ្លែងប្រាប់ស៊ិនហួរ​កាលពីពេលថ្មីៗ​នេះថា «យើងបានធ្វើតេស្ត​ទៅលើគ្រប់ផ្នែក​របស់យន្តហោះ និងមូលដ្ឋានគ្រឹះ ព្រមទាំងផ្នែក​តភ្ជាប់របស់វា​រួចរាល់ជាស្ថាពរហើយ»។ សម្រាប់ក្រុមហ៊ុន​ដែលយក C919 មកបម្រើ​អតិថិជន​ដំបូងនោះគឺ អាកាសចរណ៍​ភាគខាងកើតចិន China Easter Airlines។

គួរបញ្ជាក់ថា ក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការ​កក់យន្តហោះ​ប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុម៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ៕

ប្រភព​freshnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


loading...

អត្ថបទថ្មីៗ

អត្ថបទពេញនិយម

No result found!

ពាណិជ្ជកម្ម

loading...