សមិទ្ធផល១០០ថ្ងៃដំបូងរបស់ លោក ដូណាល់ ត្រាំ មានកម្រិតទាបជាងគេបំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក!

ជីវិត & សង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2017 ម៉ោង 8:43 នាទី ល្ងាច

(វ៉ាស៊ីនតោន)៖ អត្រានៃការសម្រេចបានតាមការសន្យា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់ដំណែង គឺបានត្រឹមតែ ៤៣ភាគរយប៉ុណ្ណោះ ដែលនេះ​ជាតួលេខ​ទាបបំផុតមិនធ្លាប់មាន​ក្នុងប្រវតិ្តសាស្ត្រអាមេរិក ចាប់តាំងពីឆ្នាំ១៩៥៣មក។ នេះបើតាមការដកស្រង់​ព័ត៌មានពី Gallup ចេញផ្សាយនៅដើមខែឧសភា ឆ្នាំ២០១៧។

ជាទូទៅអតីតប្រធានាធិបតីនាអាណត្តិមុនៗ​ តែងតែ​រីករាយជាមួយនឹ​ង​អត្រាខ្ពស់បំផុត​ នៃការសម្រេច​បានតាម​ការសន្យារបស់​ខ្លួន​ ក្នុងរយៈពេល​១០០ថ្ងៃដំបូង នៃការចាប់ផ្តើម​កាន់អំណាច បន្ទាប់ពីយុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ប៉ុន្តែក្រោយមក​អត្រានៃការ​សម្រេចតាម​ការសន្យា នឹង​ធ្លាក់ចុះបន្តិចម្តងៗ ទៅតាមពេលវេលា។

ដោយឡែកក្នុង​ករណីលោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​ដ៏វិវាទកាលពីឆ្នាំ២០១៦ និងការចាញ់​សំឡេងឆ្នោតពេញនិយម Population Vote រហូតដល់​បីលាននាក់ ប្រធានាធិបតីរូបនេះ​បានឡើងកាន់​អំណាច​ ដោយអត្រានៃ​ការសម្រេចបាន​ទាបបំផុត​ ចាប់តាំងពីការ​ចាប់ផ្តើមតែម្តង ​ដែល ករណីបែបនេះ​មិនធ្លាប់មាន​តាំងពីឆ្នាំ១៩៥៣​ ម​កម្ល៉េះ។

ក្នុងពេលឃោសនា​ប្រធានាធិបតី​រូបនេះ មានបំណងចង់​ធ្វើកំណែទម្រង់​ទៅលើគ្រប់រឿង​ទាំងអស់ ជាអាថ៌មានដូចជា គោលនយោបាយ​ទំនាក់ទំនង​ការបរទេស ឬស្ថាប័ន​សារព័ត៌មាន។ ក្នុងពេលនោះ​លោក ដូណាល់ ត្រាំ បានប្រាប់​បេក្ខជន​ដែលត្រៀមទទួល​ដំណែង​ក្នុងគណរដ្ឋមន្ត្រី​ ឱ្យចេះធ្វើជា​មនុស្សវៃឆ្លាត។

លោកចង់ធ្វើ​កំណែទម្រង់​ទៅលើរដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងកម្រិត​ ៣៦០ដឺក្រេតែម្តង ព្រមទាំងចង់​ឱ្យវាកើតឡើង​ក្នុងភ្លាមៗ​ផងដែរ។ ហេតុនេះរយៈពេល ១០០ថ្ងៃ​ដំបូងរបស់លោក គឺពិតមានភាព​សំខាន់ និងច្បាស់លាស់​ជាខ្លាំង។ លោកធ្លាប់គ្រោង​ពេលវេលា​សម្រាប់រៀបចំរបៀបវារៈ ដែលអាចឱ្យ​មនុស្សវាយ​តម្លៃបានថា តើលោកពិតជា​អាចផ្លាស់ប្តូរ​សហរដ្ឋអាមេរិក​ បានកម្រិតណា​ក្នុងរយៈពេល​បីខែនេះ។

ជាអកុសល​ចាប់តាំងពីការ​ឡើងកាន់អំណាច រដ្ឋាភិបាល​របស់លោក​ត្រូវបានគេមើល​ឃើញថា មានការធ្លាក់ចុះ​ជាខ្លាំង បន្ទាប់ពីភាព​បរាជ័យក្នុងការលុបចោល កម្មវិធី​ថែទាំសុខភាព​របស់លោក អូបាម៉ា ការដាក់ចេញ​ការហាមឃាត់​ការធ្វើដំណើរ​ ដែលត្រូវបានរារាំង​ដោយតុលាការ​អាមេរិក ការបង្កឱ្យ​មានបាតុកម្មទូទាំង​ប្រទេស ការលាលែងពី​ដំណែងរបស់ក្រុមប្រឹក្សា​សន្តិសុខជាតិ លោក Michael Flynn និងការស្ថិតក្រោម​ការស៊ើបអង្កេត ទៅលើយុទ្ធការ​ឃោសនាបោះឆ្នោត​របស់លោកផ្ទាល់ បន្ទាប់ពីត្រូវ​បានគេសង្ស័យថា មានរុស្ស៊ី​នៅពីក្រោយខ្នង។

ប៉ុន្តែអត្រានៃ​ការសម្រេចបាន​ការសន្យារបស់​លោក​ ហាក់ឡើងខ្ពស់​បន្តិចវិញ បន្ទាប់ពីលោក បានចេញ​បញ្ជាវាយប្រហារ​កម្ទេចហេដ្ឋារចនាសម្ព័ន្ធ ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ បន្ទាប់ពីរដ្ឋាភិបាល​ស៊ីរីមួយនេះ ត្រូវបានគេ​ចោទថា​ បានប្រើប្រាស់​អាវុធគីមី​សម្លាប់មនុស្ស​ទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះ​ដែរនោះ សហរដ្ឋអាមេរិក បានទម្លាប់គ្រាប់បែក​ដែលមានឥទ្ធិពល​បំផុតក្នុងគោលដៅ​កម្ចាត់ពួកISIS ក្នុងប្រទេស អាហ្វហ្គានីស្ថាន។

បើទោះបីជា​ប្រធានាធិបតី​រូបនេះ សម្រេចបាន​ទៅលើសកម្មភាព​វាយប្រហារ​ ដោយយោធា​យ៉ាងណា​ក៏ដោយ តែអត្រាសម្រេច​បានរបស់​លោកពិត ជាមានកម្រិតទាប​ជាខ្លាំងក្នុងប្រវត្តិសាស្ត្រ​អាមេរិក នេះបើយោង​តាមប្រភពពី Gallup ដែលចាប់​ផ្តើមធ្វើកំណត់ត្រា​ រាល់ការឡើង​កាន់អំណាច រយៈពេល១០០ថ្ងៃ​ដំបូង​នៃប្រធានាធិបតី​អាមេរិក​គ្រប់រូប ចាប់តាំងពីឆ្នាំ១៩៥៣​កន្លងទៅនេះ គឺចាប់តាំងពី​ពេលដែល​ប្រធានាធិបតី​​អាមេរិកលោក Eisenhower ឡើងកាន់​​អំណាច៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

ប្រភព freshnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


loading...

អត្ថបទថ្មីៗ

អត្ថបទពេញនិយម

No result found!

ពាណិជ្ជកម្ម

loading...